នេះជាក្រុមសៀវភៅថ្មីដែលតួអង្គឯកគឺជាសត្វដែលនៅជុំវិញខ្លួនយើង! ពេលខ្លះ ពួកគេរៀបរាប់ពីរឿងរ៉ាវកម្សត់ កំប្លែង ពេលខ្លះជាអ្នកនាំយើងឱ្យស្គាល់ពិភពរបស់ពួកគេ តែអ្វីដែលសំខាន់បំផុត គឺពួកគេអាចធ្វើឱ្យការយល់ឃើញរបស់យើងផ្លាស់ប្តូរទាំងស្រុង។
សុរិយា ជាឆ្មាមាត់ឆៅ គ្មានសុជីវធម៌ មាត់ដូចស៊ីអំបិលប្រហុក... រឿងណាល្អៗមិនសូវចេះសរសើរលើកដៃលើកជើងទេ តែបើទើសចិត្តដឹងតែនិយាយប្រាវៗហើយ កុំឱ្យកើតជំងឺតប់ប្រមល់ទាន់ ។ តែនាងរោមពណ៌ស្មាច់នេះ ក៏មានគុណសម្បត្តិច្រើនរាប់មិនអស់ដែរ ។ ក្រៅពីភាពឆ្លាតវៃ ប៉ិនប្រសប់ឆាប់យល់សាច់ការ និងខួរក្បាលចាំឥតគូប្រៀប នាងក៏ជាអ្នកសម្បូរមនោសញ្ចេតនា ពូកែឈឺឆ្អាលចូលចិត្តជួយគេ ហើយជាពិសេសជួយដោះស្រាយបញ្ហាឱ្យមនុស្សដែរ ។ ម៉្លោះហើយ ដោយខ្លាចគេភ្លេចគុណបំណាច់ដ៏ធំធេងនេះ នាងក៏សម្រេចចិត្តរៀបរាប់រឿងរ៉ាវក្នុងជីវិតនាង ទាំងនៅស្រុកខ្មែរ និងស្រុកបារាំង មកប្រាប់អ្នកទាំងអស់គ្នាយ៉ាងពិស្តារ ។